នៅក្នុងសកលវិទ្យាល័យមួយមាននិស្យិតជាច្រើន បានលើកសំណួរសួរដេញដោលគ្នា ពីប្រភពនៃសំពត់ក្បិនខ្មែរថា តើគេចាប់ផ្តើមស្លៀកពីពេលណាមក ? មានមនុស្សខ្លះបានបញ្ចេញមតិថា ដោយសារតែគ្មានចម្លាក់មនុស្សស្លៀកសំពត់ចងក្បិនដាក់នៅតាមប្រាសាទបុរាណខ្មែរ ទើបយើងពុំអាចដឹងបានថា វាមានប្រវត្តិចាប់ផ្តើមពីសម័យអង្គរមក ឬ មួយក៏ខ្មែរខ្ចីសំពត់ចងក្បិនពីថៃ ព្រោះជនជាតិថៃ ក៏គេស្លៀកសំពត់ចងក្បិនដូចខ្មែរដែរ ។
លោកបណ្ឌិត មីសែល ត្រាណេ អ្នកស្រាវជ្រាវខ្មែរ បានបញ្ជាក់សង្កត់ធ្ងន់ថា ទស្សនៈខាងលើនេះ គឺជាការខុសឆ្គងមួយយ៉ាងធំ ដោយសារតែគ្មានមូលដ្ឋានប្រវត្តិសាស្ត្រណាច្បាស់លាស់ ដើម្បីបញ្ជាក់ពីសំពត់ក្បិននេះទេ ។ ចំពោះប្រភពក្បិនវិញ គេត្រូវស្វែងយល់នូវប្រភពឥណ្ឌានីយកម្មនៅដើមសតវត្សរ៍ទី ១ ជាមុនសិន ។
បើនិយាយឲ្យចំ ការស្លៀកសំពត់ចងក្បិនជាប្រពៃណីរបស់ឥណ្ឌាខាងត្បូង ដែលគេនាំចូលមកអតីតអាណាចក្រខ្មែរ (នគរភ្នំ ឬ ហ្វូណន) ជាលើកដំបូងបំផុត ដោយព្រះ បាទ កោណ្ឌិន្យ ។ចាប់តាំងពីពេលនោះមក ជនជាតិខ្មែរទាំងពីរភេទបាននិយមស្លៀកក្បិនតៗគ្នារហូតមកទល់បច្ចុប្បន្ន ។
នៅពាក់កណ្តាលសតវត្សរ៍ទី ១៣ ជនជាតិថៃ-ឡាវ ក៏បានខ្ចីពីខ្មែរនូវទំនៀមទម្លាប់ស្លៀកក្បិននេះ ព្រោះគេចាត់ទុកថាការស្លៀកក្បិននាំដល់ប្រពៃណីថ្លៃថ្នូរ សម្រាប់ការ ចូលរួមពិធីការផ្សេងៗ រួមទាំងការប្រើប្រាស់ របស់មន្ត្រីព្រះបរមរាជវាំងទៀតផង ។ ក្នុងន័យនេះហើយដែលថៃ-ឡាវបានប្រើពាក់"ចងក្បិន" ដូចខ្មែរដែរ ។ ភស្តុតាងទាំង នេះ បានបង្ហាញនូវអានុភាពនៃវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់ ។
លោកបណ្ឌិតបានបន្តឲ្យដឹងថា កុលសម្ព័ន្ធខ្មែរ-មន, ខ្មែរព្រៃភ្នំ ឬ ក៏សហគមន៍ខ្មែរលើ ពុំមានប្រពៃណីប្រើសំពត់ក្បិនទេ ហេតុនេះយើងពុំអាចនិយាយថា ក្បិនកើតចេញពីខឿនវប្បធម៌បុរេប្រវត្តិបានឡើយ ។
នៅក្នុងឯកសារជាច្រើនបានបញ្ជាក់ឲ្យដឹងថា សំពត់ក្បិនមានអាយុកាលចាស់ជាងគេ គឺសម័យកាលព្រះបាទ កោណ្ឌិន្យ ។ពួកព្រាហ្មណ៍រួមទាំងអ្នកជំនួញឥណ្ឌា ដែលបានចូលមកក្នុងប្រទេសខ្មែរជាលើកដំបូង នាសតវត្សរ៍ទី ១ បានប្រើប្រាស់វា ។
យើងអាចពិនិត្យឃើញថានៅប្រទេសឥណ្ឌាខាងត្បូងចប្ចុប្បន្ន ដែលមានជនជាតិតាមិល(Tamil) រស់នៅ គេបន្តប្រពៃណីស្លៀកក្បិនរហូតមកដូចខ្មែរដែរ ។ ការហូរចូលវប្បធម៌ឥណ្ឌាមកប្រទេសកម្ពុជាពីដំបូងនេះហើយ ដែលជាកត្តាឆ្លុះបញ្ចាំងឲ្យដឹងបានថា វប្បធម៌ចំណាស់នៃការស្លៀកក្បិននេះ គឺជារបស់ជនជាតិខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជានេះឯង ។
លោកបណ្ឌិតមីសែលបានរំលឹកឲ្យដឹងថា តាមចម្លាក់បុរាណ បានបង្ហាញថា ខ្មែរនិយមស្លៀកក្បិនចាប់តាំងពីសម័យនគរភ្នំនាសតវត្សរ៍ទី១ ដល់ ទី៦ នៃគ្រិស្គសករាជ ។ ចម្លាក់បានបង្ហាញថា ទាំងទេវតា ទាំងមនុស្សដែលមានត្រកូលខ្ពង់ខ្ពស់គេនិយមសំពត់ក្បិននេះណាស់ ។ឯមូលហេតុដែលថានៅលើប្រាសាទអង្គរវត្តពុំមានចម្លាក់មនុស្សស្លៀកក្បិន ព្រោះប្រាសាទនេះ ពុំទាក់ទិននឹងជីវភាពប្រចាំថ្ងៃទេ ។តែដោយឡែក នៅលើចម្លាក់"ភ្នំដា" នាសម័យនគរភ្នំ គឺមានព្រះនារាយណ៍ និងព្រះរាម ស្លៀកក្បិន ។ អាទិទេពស្លៀកក្បិនព្រោះត្រកូលនេះកើតចេញពីពួកព្រាហ្មណ៍ ៕
0 comments:
Post a Comment