នាគជាសត្វដ៏អស្ចារ្យមួយដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាននិង ទេវកថាប៉ុណ្ណោះ ។ ក្នុងទេវកថា ប្រវត្តិកំណើតនាគមានដូចតទៅ :1. នាគសេសៈឬអនន្ត:ឬវាសុគិ: ជាសត្វនាគដែលមានដើមកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈមានកំណើតនៅឋានទេវលោក ។2. នាគមុជ្ជលិនៈនាគមុជ្ជលិន មានដើមកំណើតនៅបាតស្ទឹងហិរញ្ជៈជានាគដែលតែងតែផ្ដល់សេចក្ដីសុខសាន្ត ដល់មនុស្សលោកទាំងឡាយ និងបានជួយធ្វើជាទម្រឲ្យផុតអំពីទឹកភ្លៀងជន់ជោរ និងបានបើកពពារប្រក់ការពារទឹកភ្លៀងព្រះសុទ្ធោទនៈដើម្បីឲ្យព្រះអង្គ បានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។3. នាគកាល្យៈ នាគកាល្យ មានដើមកំណើតចន្លោះឋានទេវលោក និងឋានមនុស្សលោក ។ នាគនេះមានលំនៅ នៅបាតសមុទ្រ ។
4. នាគពិរុណនាគ: ពិរុណនាគ មានអាយុវែងឥតព្រំដែនកំណត់ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតាល លោក ។ចម្លាក់សត្វនាគនៅក្នុងសិល្បៈរបស់ខ្មែរមានតម្លៃជានិមិត្តរូបទាំង នៅក្នុងព្រះពុទ្ធសាសនានិងព្រាហ្មណ៍សាសនា ។ ប្រជាជនយើងចាត់ទុកថាខ្មែរទាំងអស់មានអំបូរពិតប្រាកដរបស់ខ្លួនគឺ អំបូរនាគ ។ បឋមរាជនីរបស់ខ្មែរ គឺព្រះនាងសោមា ឬនាងនាគដែលជាជនជាតិអំបូរនាគ ។ ចំណេរតមកប្រជាជនខ្មែរយើងបានភ្ជាប់ជាតិសាសន៍របស់ខ្លួនទៅជាពូជ នាគ គឺពិរុណនាគនេះឯង។ ចាប់ពីពេលនោះមកសំណង់ស្ថាបត្យកម្មទាំងឡាយរបស់ខ្មែរតែងតែមានការ រចនាលម្អទៅដោយក្បាច់នាគយ៉ាងល្អវិចិត្រដែលមិនអាចមានស្នាដៃណា អាចប្រៀបផ្ទឹមបានឡើយ ហើយជានិមិត្តរូបនៃពូជពង្សសាវតារខ្មែរគឺអំបូរនាគនេះឯង ។នៅតាមប្រាសាទបុរាណយើងតែងតែឃើញមានការរចនាលម្អដោយក្បាច់នាគ បង្កាន់ដៃនាគដែលជាស្ពានឥន្ទធនូតភ្ជាប់ទៅឋានទេវលោក ។ នាគជាយានជំនិះរបស់ព្រះភិរុណតំណាងឲ្យទឹកភៀងដែលផ្ដល់ ភាពត្រជាក់ត្រជុំ និងផ្ដល់ផលកសិកម្ម ។ ក្នុងប្រវត្តិចម្លាក់សត្វនាគសិល្បករខ្មែរច្រើនបង្ហាញក្រោមទម្រង់ ជានាគក្បាល ១ នាគក្បាល ៣ នាគក្បាល ៥ នាគក្បាល ៧ និងនាគនាគក្បាល ៩ ។ ចំពោះនាគក្បាលគូជានាគឈ្មោះកាល្យដែលត្រូវបានសម្លាប់ដោយព្រះ វិស្ណុ ។ សិល្បករខ្មែររចនាចំនួនក្បាលនាគខុសៗគ្នាទៅតាមនិមិត្តរូប ដូចខាងក្រោម ៖
- នាគក្បាលប្រាំ ៖ នៅក្នុងព្រាហ្មណ៍សាសនានាគក្បាលប្រាំតំណាងឲ្យទិសទាំងប្រាំគឺទិសខាងកើតឬ បុព្វវិទេហៈ ទិសខាងលិចឬឧបរគោយានៈ ទិសខាងជើងឬឧត្តរគរុទិសខាងត្បូងឬជម្ពូទ្វីប និងទិសកណ្ដាលឬព្រហ្មចារ្យ: ។ ទិសទាំងប្រាំនេះជាទិសនៃទន្លេសួគ៌ទាំងប្រាំ គឺទន្លេគង្គាទន្លេឥណ្ឌុ ទន្លេយាមាណា ទន្លេព្រហ្មបុត្រ និងទន្លេសរស្វតី ។ ឯនៅក្នុងព្រះពុទ្ធសាសនាវិញនាគក្បាលប្រាំតំណាងឲ្យព្រះជិនស្រីទាំង ប្រាំអង្គគឺព្រះកស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសមណគោត្តម និងព្រះសិអារ្យមេត្រី ។ ក្បាលទាំងប្រាំតំណាងឲ្យបច្ចសីលដែលមនុស្សកើតមកត្រូវតែប្រតិបត្តិ ។
- នាគក្បាលប្រាំពីរ ៖ ទាំងក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនានាគក្បាល ៧ តំណាងឲ្យពិភពចក្រវាឡទាំងប្រាំពីរគឺព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ និងព្រះអាទិត្យ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រទាំង ៧ និងភ្នំទាំង ៧ ដែលមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ ។ ដូចនេះចម្លាក់នាគក្នុងស្ថាបត្យកម្មសំណង់ខ្មែរមាននាទីយ៉ាងសំខាន់ ទាំងអន្ថន័យនិងសម្រស់ ។ គេប្រើចម្លាក់នាគនៅអមសងខាងផ្លូវទៅកាន់ប្រាសាទឬវត្តអារាមដែល តំណាងឲ្យពូជសាសន៍ខ្មែរជាសម្បត្តិរបស់ខ្មែរតំណាងឲ្យផ្លូវទៅកាន់ ទេវលោកដែលនាំមកនូវភាពចម្រុងចម្រើនត្រជាក់ត្រជុំជារៀងរហូតតទៅ ៕
- នាគក្បាលមួយ ៖ គេនិយមឆ្លាក់នាគក្បាលមួយដាក់នៅលើដំបូលព្រះវិហារវត្តអារាមដំណាក់ ស្ដេច ឬលំនៅឋានរបស់អាទិទេព ។ នាគក្បាលមួយជានិមិត្តរូបពិសេស: មានន័យថាអ្វីៗនៅក្នុងលោកដែលរលាយសាបសូន្យទៅនោះនៅសល់តែសេស: មួយគត់ដែលមានជីវិតអមតៈនាំមកនូវជ័យជំនះនិងសុភមង្គល ។
- នាគក្បាលបី ៖ នៅក្នុងព្រាហ្មណ៍សាសនានាគក្បាលបីតំណាងឲ្យលទ្ធិត្រីម៌ូតិដែល ក្បាលកណ្ដាលតំណាងឲ្យព្រះសីវៈក្បាលខាងស្ដាំ តំណាងឲ្យព្រះព្រហ្មនិងក្បាលខាងឆ្វេងតំណាងឲ្យព្រះវិស្ណុ ។ ម្យ៉ាងទៀត ក្បាលទាំងបី ក៏តំណាងឲ្យឋានទេវលោក ឋានបាតាលលោក និងឋានមនុស្សលោកផងដែរ ។ ឯក្នុងសំណង់ព្រះពុទ្ធសាសនាវិញក្បាលនាគនៅកណ្ដាលតំណាងឲ្យព្រះ ពុទ្ធអង្គក្បាលនាគខាងស្ដាំតំណាងឲ្យព្រះធម៌ និងក្បាលនាគខាងឆ្វេងតំណាងឲ្យព្រះសង្ឃ ។
- នាគក្បាលប្រាំបួន ៖ នាគក្បាលប្រាំបួនតំណាងឲ្យអំណាចចក្រវាឡនិងអំណាចនៃភាពអមតៈទាំង ៩ ប្រការ គឺ ៖
អំណាចអមតៈ នៃផ្គររន្ទះប្រចាំទិសខាងកើត អំណាចអមតៈនៃព្រះអគ្គីប្រចាំទិសអាគ្នេយ៍ អំណាចអមតៈ តំណាងឲ្យច្បាប់នីតិតុលាការប្រចាំទិសខាងត្បូងអំណាចអមតៈនៃខ្មោច ព្រាយបិសាចប្រចាំទិសនិរតី អំណាចអមតៈនៃភ្លៀងប្រចាំទិសខាងលិច អំណាចអមតៈ នៃខ្យល់ប្រចាំទិសពាយព្យ អំណាចអមតៈ នៃទ្រព្យសម្បត្តិនិងសោភ័ណភាពប្រចាំទិសឧត្តរ អំណាចអមតៈនៃការដុតរំលាយលោកប្រចាំទិសឦសាន និងអំណាចអមតៈនៃព្រហ្មចារ្យការគ្រប់គ្រងលោក និងការការពារថែរក្សាលោក ។ ចំពោះចម្លាក់នាគដែលមានក្បាលបែរទាំងសងខាង គឺក្បាលខាងមុខតំណាងឲ្យការកើត ក្បាលបែរទៅក្រោយតំណាងឲ្យការស្លាប់ដែលជាដំណើរវិលទៅវិលមកក្នុង វាលវដ្ដសង្សារបស់អាត្ម័ន ។
0 comments:
Post a Comment