ព្រះតេជគុណ ថាច់ ហាសំអាង គ្រូសូត្រស្តាំវត្តសាមគ្គីរង្សីសង្កាត់ស្ទឹងមានជ័យ។ រូបថតសហការី
ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងការរក្សាពង្រឹងពង្រីកវប្បធម៌ប្រពៃណីទំនៀមទម្លាប់អក្សរសាស្រ្តជាតិ តែបើគ្មានព្រះពុទ្ធសាសនាទេនោះ ប្រទេសជាតិអាចនឹងធ្វើឲ្យបាត់បង់អ្វីៗដូចពោលមកនេះ។ ម៉្យាងទៀតព្រះសង្ឃមាននាទីចែកចាយវិជ្ជានិងការអភិវឌ្ឍសង្គម។ ចំពោះការបោះឆ្នោតពេលខាងមុខនេះតើព្រះសង្ឃនឹងមានកាតព្វកិច្ចក្នុងការបោះឆ្នោតដែរ ឬយ៉ាងណា? ហើយបើព្រះសង្ឃចូលរួមការបោះឆ្នោតដែលជាការប្រកួតប្រជែង តើអាចខុសពីពុទ្ធបញ្ញត្តិសម្រាប់ព្រះសង្ឃដែរទេព្រោះមតិខ្លះ ថាព្រះសង្ឃគួរនៅអព្យាក្រឹត?
ជុំវិញប្រធានបទនេះ ព្រះតេជគុណនាម ថាច់ ហាសំអាង គ្រូសូត្រស្តាំវត្តសាមគ្គីរង្ស៊ីក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសង្ឃដីកាក្នុងបទសម្ភាសជាមួយនឹងភ្នំពេញ ប៉ុស្តិ៍ មានខ្លឹមសារដូចខាងក្រោម៖
ព្រះសង្ឃពុទ្ធសាសនា តាំងពីបុព្វកាលរហូតដល់បច្ចុប្បន្នតើមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងសង្គម ពិសេសទាក់ទងនឹងផ្លូវច្បាប់អាណាចក្រនៅកម្ពុជា?
ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកប្រពៃណីវប្បធម៌ទំនៀមទម្លាប់អក្សរសាស្រ្តខ្មែរ។ ឧទាហរណ៍នៅកម្ពុជាក្រោម ប្រសិនបើគ្មានព្រះពុទ្ធសាសនាទេនោះវប្បធម៌ទំនៀមទម្លាប់ជំនឿអក្សរសាស្រ្តប្រហែលជាបាត់បង់ហើយ។ ប៉ុន្តែ ដោយសារមានព្រះពុទ្ធសាសនានេះហើយទើបធ្វើឲ្យទំនៀមទម្លាប់ប្រពៃណីនិងអក្សរសាស្រ្តខ្មែរនៅគង់វង្ស។ ព្រះសង្ឃព្រះពុទ្ធ សាសនាមាននាទីក្នុងការអប់រំ បង្រៀនវិជ្ជាអក្សរសាស្រ្តនិងទេសនាអប់រំពុទ្ធបរិស័ទ។
ពាក់ព័ន្ធនឹងវិស័យនយោបាយនិងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិបញ្ចេញមតិ តើព្រះសង្ឃមានតួនាទីនិងការបដិបត្តិដូចម្តេចខ្លះដែរ ?តើព្រះសង្ឃធ្វើនយោបាយបានទេ?
ទស្សនៈអាត្មា ថា ព្រះសង្ឃគួរតែមានតួនាទីចូលរួមក្នុងឆាកនយោបាយព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋហើយនៅក្នុងអរិយសាសនាគឺជាសាសនា មួយដែលគ្មានការប្រកួតប្រជែង។ ក្នុងពុទ្ធបញ្ញត្តិ គឺថាព្រះសង្ឃមិនគួរមានការប្រកួតប្រជែងជាមួយនឹងអ្នកណាទេ។ តែប្រទេសខ្មែរសព្វថ្ងៃនេះអ្នកប្រាជ្ញាចេះដឹងភាគច្រើន គឺកើតចេញពីព្រះពុទ្ធសាសនាហើយព្រះសង្ឃបានរួមចំណែកធ្វើឲ្យប្រទេសជាតិរឹងមាំរីកចម្រើន។ អ៊ីចឹងទេ ប្រសិនបើយើងបណ្តោយឲ្យព្រះសង្ឃនៅស្ងៀម នៅតែក្នុងកុដិគឺគ្មានន័យដល់សង្គមជាតិទេ។ ព្រះសង្ឃមើលឃើញប្រទេសជាតិកំពុងមានបញ្ហា មានទុក្ខហើយមិនមានអ្នកចេះដោះស្រាយ ហើយយើងជាអ្នកចេះដោះស្រាយមិនធ្វើអ្វី មិនចូលរួមជាមួយនឹងរដ្ឋាភិបាលនោះ គឺមិនល្អទេ? ព្រះពុទ្ធសម្តែងថា មនុស្សដែលឃើញតែប្រយោជន៍ខ្លួនឯង ជាមនុស្សអសោច។ ព្រះសង្ឃមិនប្រកួតប្រជែងពិតមែនតែព្រះសង្ឃអាចចូលរួមក្នុងចំណុចណាគ្មានការប្រកួតប្រជែង តែអាចធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។ ដូច្នេះព្រះសង្ឃធ្វើនយោបាយគឺល្អជាងព្រះសង្ឃមិនធ្វើនយោបាយហើយ ក៏មិនប្រកាន់គណបក្សដែរ។
មានទស្សនៈពីរដែលចោទឡើងក្នុងសង្គមខ្មែរបច្ចុប្បន្នមួយថា ព្រះសង្ឃត្រូវតែមានសិទ្ធិបោះឆ្នោតនិងបញ្ចេញមតិយោបល់ឬសកម្មភាពសង្គមផ្សេងៗ យោងតាមគោលការណ៍សិទ្ធិមនុស្សតើការប្រណិប័តន៍បែបនេះធៀប នឹងពុទ្ធបញ្ញត្តិនិងច្បាប់រដ្ឋតើយ៉ាងម៉េចដែរ?
ការបោះឆ្នោតគឺជាការជ្រើសរើសរកមនុស្សមានគុណធម៌ មានសីលធម៌ មានឧត្តមគតិស្នេហាជាតិនិងមនុស្សមានវិជ្ជាខ្ពង់ខ្ពស់មិនបម្រើឲ្យបរទេសនិងធ្វើឲ្យប្រទេសជាតិវឹកវរ។ ដូច្នេះការចេញទៅបោះឆ្នោតរបស់ព្រះសង្ឃគឺលោកចង់ធ្វើការជ្រើសរើសមនុស្សបែបហ្នឹង។តែបើព្រះសង្ឃដឹងថាប្រសិនបើបោះឆ្នោតឲ្យមនុស្សនោះហើយដឹងថាមនុស្សធ្លាប់ធ្វើអំពើអាក្រក់មិនធ្វើអ្វីជាប្រយោជន៍ដល់រាស្រ្ត ហើយមិនទៅបោះឆ្នោតទម្លាក់អ្នកនោះទេ គឺសង្ឃនោះមានកំហុសព្រោះសង្ឃនោះគាំទ្រឲ្យមនុស្សនោះធ្វើអំពើអាក្រក់ទៀត។ ព្រះពុទ្ធសម្តែងថា មនុស្សដែលគាំទ្របុគ្គលឲ្យធ្វើអំពើបាប មនុស្សនោះនឹងធ្លាក់នរក។ ព្រះអង្គសម្តែងនេះមានន័យថា ចង់ឲ្យយើងចេះជ្រើសរើសអ្នកណាដែលមានទសពិធរាជធម៌ចេះដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើន។ អ៊ីចឹងព្រះសង្ឃគួរតែចេះជ្រើសរើស។
ទស្សនៈមួយថា ព្រះសង្ឃជាស្រែបុណ្យជាអ្នកកាន់សច្ចៈមានព្រហ្មវិហារធម៌ គួរតែនៅជាកណ្តាលមិនគួរប្រឡូកក្នុងនយោបាយដណ្តើមអំណាចចាញ់ ឈ្នះនេះទេ តាមទ្រឹស្តីតើព្រះពុទ្ធមានបញ្ញតិ្តឬដាក់ពិន័យយ៉ាងណាដែរ ចំពោះការមិនឲ្យបដិបត្តិតាមនេះ?
ប្រសិនបើព្រះសង្ឃណាមួយលោកទៅធ្វើនយោបាយដើម្បីបក្សនេះបក្សនោះគឺជាការប្រកួតប្រជែងហើយ ហើយការប្រកួតប្រជែងនេះព្រះអង្គសម្តែងថា មានទោស។ តែបើព្រះសង្ឃនោះ លោកឃើញថាមនុស្សអ្នកធ្វើនយោបាយនោះមានគំនិតមិនល្អធ្វើឲ្យប្រទេសជាតិលិចលង់បាត់បង់ទឹកដីនិងធ្វើឲ្យប្រជាជនវេទនាឲ្យជនអន្តោប្រវេសន៍ចូលស្រុកហើយព្រះសង្ឃនៅតែបោះឆ្នោតឲ្យដឹកនាំប្រទេសទៀតនោះគឺព្រះសង្ឃនោះខុសទៅវិញ។ តែបើព្រះសង្ឃលោកដឹងថាមនុស្សណាមួយមានគុណសម្បត្តិមានគុណធម៌ចេះមេត្តាដល់ពលរដ្ឋខ្លួនហើយព្រះសង្ឃទៅធ្វើនយោបាយជាមួយនោះគឺខុសដែរ។ ព្រះសង្ឃមិនឃើញគេធ្វើខុសហើយបណ្តោយឲ្យគេធ្វើខុសទៀតទេ ត្រូវតែមានចិត្តអាណិតអាសូរអ្នកធ្វើអាក្រក់ តែត្រូវមានចិត្តដាស់តឿនដល់មនុស្សនោះ។
សូមព្រះអង្គធ្វើប្រៀបធៀបបែបពីរយ៉ាងរបស់ព្រះសង្ឃ បើនិមន្តទៅបោះឆ្នោតយ៉ាងម៉េច ហើយបើមិននិមន្តទៅបោះឆ្នោតតើខុសទាស់យ៉ាងម៉េចដែរ?
ព្រះសង្ឃបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញខ្មែរ ហើយនិងច្បាប់ពីសិទ្ធិមនុស្សគឺថា ព្រះសង្ឃក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ដែរ ហើយបើសង្ឃអង្គនោះលោកចង់បំពេញកាតព្វកិច្ចជាពលរដ្ឋនោះគឺបានន័យថាព្រះសង្ឃនោះគួរតែទៅបោះឆ្នោតដើម្បីរើសអ្នកដឹកនាំដែលពេញលក្ខណៈស្នេហាជាតិ។តែបើព្រះសង្ឃទៅបោះឆ្នោតដើម្បីលម្អៀងបក្ស ឬក៏ដើម្បីគណបក្សមួយនោះ គឺព្រះសង្ឃនោះមិនគួរទៅបោះឆ្នោតល្អជាង។
តាមគោលការណ៍ស្តីពីសិទ្ធិមនុស្ស ព្រះសង្ឃគប្បីនិមន្តទៅបោះឆ្នោត តែពុទ្ធបរិស័ទខ្លះយល់ថាព្រះសង្ឃមិនគួរទៅបោះឆ្នោតទេដើម្បីឲ្យសមស្រប តើព្រះសង្ឃគួរគប្បីបដិបត្តិដូចម្តេចឲ្យស្របទាំងពីរ?
ចំណុចនេះមានមតិវិជ្ជមាននិងអវិជ្ជាមានខ្លះតែបើនិយាយថា ធ្វើក៏ត្រូវមិនធ្វើក៏ត្រូវដែរ។ តែការរិះគន់របស់ពុទ្ធបរិស័ទដោយសារតែពុទ្ធបរិស័ទលោកមិនយល់ពីទឹកព្រះទ័យរបស់ព្រះសង្ឃហើយលោកគិតថាព្រះសង្ឃនោះបានគាំទ្រមនុស្សអាក្រក់។ តែកត្តាពេញចិត្តវិញដោយសារតែព្រះសង្ឃអង្គនោះចង់ទាមទារសិទ្ធិឲ្យពលរដ្ឋចង់ឲ្យអ្នកដឹកនាំដែលមានគំនិតស្នេហាជាតិស្រឡាញ់ពលរដ្ឋដូច្នេះពលរដ្ឋអាចចូលចិត្តព្រះសង្ឃអង្គនោះ។ ដូច្នេះព្រះសង្ឃទៅបោះឆ្នោតល្អជាងមិនទៅបោះឆ្នោត៕ [ http://www.postkhmer.com/index.php/national/law-talk/100681-2013-07-12-02-51-57 ]
0 comments:
Post a Comment